3
វិទ្យាស្ថានក្រុងអង្គរ
សាខាខេត្តកំពង់ធំ
មហាវិទ្យាល័យនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច
កិច្ចការស្រាវជ្រាវ
ប្រធានបទ “កិច្ចសន្យាទិញ-លក់ អចលនវត្ថុ”
មុខវិជ្ជាៈ នីតិកិច្ចសន្យាពិសេស
សម្របសម្រួលដោយ៖ សាស្រ្ដាចារ្យ ប៉ុល
សារិទ្ធ
ឈ្មោះនិស្សិត
១. លោក ជួន វិបុល
២. កញ្ញា សុខគា ដារី
ជំនាន់ទី១៦ ឆ្នាំទី០៣
ឆ្នាំ២០២០-២០២១
អារម្ភកថា
ខ្ញុំសង្ឃឹមថាខ្លឹមសារនៅក្នុងសៀវភៅនេះ
និងអាចជាជំនួយមួយផងដែរ ដល់បងប្អូន និស្សិត អ្នកស្រលាញ់ការអានសៀវភៅ
ការសិក្សាស្រាវជ្រាវ ផ្នែកច្បាប់ ផ្នែកនយោបាយ ប្រវត្តិយុត្តាធិការ
នឹងអាចក្លាយជាចំណេះដឹងថ្មីមួយបន្ថែមដល់ការសិក្សាផងចុះ ។
ទោះបីជាខ្ញុំខំប្រឹងសរសេរយ៉ាងយកចិត្តទុកដាក់យ៉ាងណាក៏ដោយ
ក៏តែងតែជៀសមិនរួចពីការភ្លាំងភ្លាត់កំហុសអក្ខរាវិរុទ្ធ និងពាក្យពេចន៍ដែលបានសរសេរឡើង
ដោយអចេតនា ដែលអាចប៉ៈពាល់ដល់លោក អ្នក និស្សិត បញ្ញាវន្ដ ណាមួយនោះ
ខ្ញុំបាទសូមអភ័យទោសដល់អស់លោកអ្នកផង ។ ខ្ញុំរីករាយនឹងទទួលយកមតិរិះគន់
ដើម្បីស្ថាបនាផងដែរ ។
ឧទ្ទិសកថា
សៀវភៅមួយក្បាលនេះសរសេរឡើងដោយខ្ញុំបាទជានិស្សិតជំនាន់ទី
ដប់ប្រាំមួយ ឆ្នាំទីបី ឆមាសទីពីរ នៃមហាវិទ្យាល័យនីតិសាស្រ្ដ
និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច នៃវិទ្យាស្ថានក្រុងអង្គរ
ដែលបានប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ដើម្បីលេចចេញរូបរាងសៀវភៅមួយក្បាលនេះឡើង ។
យើងខ្ញុំសូមឧទ្ទិសថ្វាយ
និងជូនស្នាដៃមួយនេះ ដល់ព្រះមហាក្សត្រខ្មែរ បុព្វការីជន អ្នកប្រាជ្ញ បណ្ឌិត
វីរបុរសខ្មែរគ្រប់ជំនាន់ ដែលបានបូជាកម្លាំងកាយ កម្លាំងប្រាជ្ញា
ក្នុងការការពារសង្គមខ្មែរ និងបង្កើតអក្សរដល់កូនខ្មែរបានសិក្សារៀនសូត្រ ។
ដួងព្រលឹងវីវជនដែលបានលះបង់កាយពលទាំងនោះរួមមាន
ព្រះបាទជ័យវរ្ម័នទីប្រាំពីរ ជាមហាវីរបុរសខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត
ជាអ្នកប្រាជ្ញបង្កើតតួអក្សរខ្មែរ ងាយស្រួលក្នុងការសិក្សា
វចនានុក្រមខ្មែរជំនួយដល់ការប្រើប្រាស់ពាក្យខ្មែរឲ្យបានត្រឹមត្រូវ
ព្រះបាទនរោត្តមសីហនុ វរ្ម័ន ជាក្សត្រដែលបានទាមទារឯករាជ្យជូនជាតិខ្មែរ ពីអាណានិគមបារាំង
។ វីរជនដែលបានបង្កើតច្បាប់ ការពារយុត្តិធម៌ជូនប្រជាជន
និងអ្នកស្នេហាជាតិជាច្រើនដែលខ្ញុំពុំបានរៀបរាប់ឈ្មោះអស់ផងដែរ ។
សូមលោកទាំងអស់គ្នាបានទៅសោយសុខនៅគតិភព
សូមប្រទានពរដល់ប្រទេសខ្មែរ ក៏ដូចជាប្រជានុរាស្រ្ដខ្មែរទាំងអស់គ្នា
ឲ្យទទួលបានសេចក្ដីសុខគ្រប់ៗគ្នាផងចុះ ។
សេចក្តីថ្លែងអំណរគុណ
ក្នុងនាមខ្ញុំជាសិស្សនិស្សិតថ្នាក់បរិញ្ញាបត្រ
ផ្នែកនីតិសាស្ត្រ ឆ្នាំទី៣ ជំនាន់ទី១៦ ឆ្នាំសិក្សា ២០១៩-២០២០ នៃវិទ្យាស្ថានក្រុងអង្គរខេត្តកំពង់ធំ ។
សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រាវបំផុតចំពោះ
៖ លោកឪពុក អ្នកម្តាយ ដ៏មានគុណធ្ងន់ពុំអាចកាត់ថ្លៃបានចំពោះកូន
ដែលលោកខិតខំចិញ្ចឹមបីបាច់ ថែរក្សា ផ្គត់ផ្គង់
ទូន្មានប្រៀនប្រដៅកូនប្រកបដោយព្រហ្មវិហារធម៌ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដោយក្តីស្រឡាញ់តាំងពីកូនចាប់កំណើតរហូតដល់កូនពេញវ័យ
ដោយមិនគិតពីការនឿយហត់ លំបាកយ៉ាងនោះទេ ដើម្បីឲ្យកូនមានអនាគតភ្លឺស្វាង
និងបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ។ លោក នាយក លោកនាយករង ព្រមទាំងលោក-លោកស្រីសាស្ត្រាចារ្យ
ទាំងអស់ នៃវិទ្យាស្ថានក្រុងអង្គរខេត្តកំពង់ធំ ដែលបានប្រឹងប្រែងលះបង់ទាំងកម្លាំងកាយ
និងកម្លាំងចិត្តខិតខំបង្ហាត់បង្រៀនផ្ទេរចំណេះវិជ្ជាមកដល់រូបខ្ញុំបាទ
នូវគ្រប់មុខវិជ្ជាដ៏មានតម្លៃ និងបានបង្ហាញផ្លូវបង្គាប់ដោយខ្លឹមសារនៃអត្ថបទ ដែលធ្វើឲ្យខ្ញុំបាទទទួលបាន
នូវចំនេះដឹងដ៏ខ្ពង់ខ្ពស់មានឧត្តមភាព រហូតរូបខ្ញុំបាទបានបញ្ចប់ការសិក្សាពីមុខវិជ្ជាមួយទៅមុខវិជ្ជាមួយទៀតប្រកបដោយជោគជ័យ
ដើម្បីទុកជាទៀនសម្រាប់អុចបំភ្លឺផ្លូវនៃដំណើរជីវិតទៅថ្ងៃអនាគត។ ជាពិសេស
លោកសាស្ត្រាចារ្យ ប៉ុល សារិទ្ធ ដែលបានចំណាយពេលយ៉ាងមមាញឹកដ៏មានតម្លៃបង្ហាត់បង្រៀន
ផ្តល់ជាយោបល់ណែនាំ តម្រង់ទិស ដល់ខ្ញុំបាទក្នុងការសរសេរកិច្ចការស្រាវជ្រាវនេះពោរពេញដោយអត្ថន័យ
និងមានខ្លឹមសារល្អតាមទម្រង់។
លោកគ្រូអ្នកគ្រូ
ដែលបានធ្វើការបង្ហាត់បង្រៀនដល់ខ្ញុំបាទតាំងពីបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ រហូតដល់ខ្ញុំបាន
បរិញ្ញាបត្រឆ្នាំទី៣នេះប្រកបដោយជោគជ័យ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ
និងសូមបួងសួងដល់វត្ថុស័ក្តសិទ្ធិមានបារមីទាំងពួងនៅលើសកលលោកយើងនេះ សូមជួយតាមថែរក្សាជនរួមជាតិទាំងអស់ឲ្យសមប្រកប
និងជួបប្រទះនូវសេចក្តីសុខ សេចក្តីចម្រើន ប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ
វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
មាតិកា
២.គោលការណ៍សំខាន់ៗនៅក្នុងកិច្ចសន្យា
២.២.គោលការណ៍សេរីភាពនៃការចុះកិច្ចសន្យា
២.៣.បទប្បញ្ញាត្តិតាមការស្ម័គ្រចិត្ត និង
បទប្បញ្ញាត្តិដោយបង្ខំ
២.៤.គោលការណ៍នៃភាពសុចរិត និងភាពស្មោះត្រង់
៣.បច្ចេកទេសអាន និង បច្ចេកសរសេរនៅក្នុងកិច្ចសន្យា
៣.១.ចំណងជើង ឬ កម្មវត្ថុនៃកិច្ចសន្យា
៣.២.ភាគីទាំងអស់នៅក្នុងកិច្ចសន្យា
៤.ទណ្ឌកម្មចំពោះការមិនគោរព លក្ខខណ្ឌសុពលភាពនៃកិច្ចសន្យា
១.សញ្ញាណទូទៅនៃកិច្ចសន្យាលក់ទិញ
២.លក្ខខណ្ឌគ្រឹះនៃកិច្ចសន្យាលក់ទិញ
៣.លក្ខខណ្ឌទម្រង់នៃកិច្ចសន្យាលក់ទិញ
៣.១.កិច្ចសន្យាឯកជន ឬ លិខិតឯកជន
៤.១.ការសន្យាលក់ទិញជាមុនដោយឯកតោភាគី
៤.២.ការសន្យាលក់ទិញដោយមានប្រាក់កក់
៧១ ការរំលាយដោយមូលហេតុមិនអនុវត្ដកាតព្វកិច្ច
(មាត្រា ៤០៧)
៧.២ ការបំពានកិច្ចសន្យាយ៉ាងធ្ងន់ធ្ងរ
(មាត្រា ៤០៨)
៨.វិធីអនុវត្ដសិទ្ធិរំលាយកិច្ចសន្យា
៨.១ វិធីអនុវត្ដសិទ្ធិរំលាយកិច្ចសន្យា
(មាត្រា ៤០៩)
៨.២ ការរំលាយកិច្ចសន្យាដែលភាគីម្ខាងមានច្រើននាក់ (មាត្រា ៤១០)
៨.៣ អានុភាពនៃការរំលាយកិច្ចសន្យា
(មាត្រា ៤១១)
៨.៤ សិទ្ធិរំលាយក្នុងករណីដែលកមវត្ថុនៃកិច្ចសន្យាត្រូវបានខូចខាត ឫ បាត់បង់ (មាត្រា ៤១២)
៩.អាជ្ញាយុកាលនៃការរំលត់សិទ្ធិរំលាយកិច្ចសន្យា (មាត្រា ៤១៣)
៩.១.សិទ្ធិរំលាយដែលបានកំណត់ក្នុងកិច្ចសន្យា និង ការរំលាយដោយការព្រមព្រៀងគ្នា
(មាត្រា ៤១៤)
ផ្នែកទី១
សញ្ញាណទូទៅនៃកិច្ចសន្យា
១.និយមន័យកិច្ចសន្យា
កិច្ចសន្យា ជាការសម្ដែងឆន្ទៈព្រមព្រៀង
រវាងបុគ្គលពីរនាក់ ឬច្រើននាក់ ដើម្បីបង្កើត ឬ រំលត់កាតព្វកិច្ចមួយ
ឬច្រើនដែលទាក់ទិននិងខ្លួន ។ ក្នុងការអត្តន័យខាងលើ បុគ្គលអាចជារូបវន្ដបុគ្គល
ឬនីតិបុគ្គល[1]
។ ប៉ុន្ដែយោងតាមមាត្រា ៣១១ នៃក្រមរដ្ឋប្បវេណី ២០០៧ បានឲ្យនិយមន័យកិច្ចសន្យា
គឺជាកិរិយាដែលបុគ្គលពីរនាក់ ឬ ច្រើននាក់មានឆន្ទៈត្រូវគ្នាព្រម បង្កើត កែប្រែ ឬ
រំលត់នូវកាតព្វកិច្ច ។
២.គោលការណ៍សំខាន់ៗនៅក្នុងកិច្ចសន្យា
២.១.គោលការណ៍ស្វ័យភាពខាងឆន្ទៈ
តាមរយៈគោលការណ៍នេះ
គឺផ្ដោតធ្ងន់ទៅលើឆន្ទៈរបស់បុគ្គលម្នាក់ៗ ដែលជាភាគីនៅក្នុងរឿងរដ្ឋប្បវេណី ។ ពោលគឺបុគ្គលម្នាក់ៗដែលជាពលរដ្ឋ
មិនមែនរស់នៅដោយគោរពតាមវិធានអ្នកដទៃកំណត់ឲ្យនោះទេ បានន័យថា
នៅរាល់ទំនាក់ទំនងជីវភាពរវាងបុគ្គល និងបុគ្គល ហើយនិងបង្កើតវិធានទៅតាមឆន្ទៈរបស់ខ្លួន
ហើយគ្រប់គ្រងជីវភាពរបស់ខ្លួនដោយខ្លួនឯងដែរ ។ នេះគេហៅថាគោលការណ៍ស្វ័យភាពខាងឆន្ទៈ
ឬគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន[2] ។ តាមរយៈគោលការណ៍នេះ
ឆន្ទៈរបស់គូភាគី ត្រូវបានយកមកធ្វើជាវិធានច្បាប់
សម្រាប់ធ្វើការគ្រប់គ្រងទំនាក់ទំនងគតិយុត្ត ដោយធ្វើការបដិសេធចោលវិធានច្បាប់ ។
២.២.គោលការណ៍សេរីភាពនៃការចុះកិច្ចសន្យា
តាមគោលការណ៍នេះ
គូភាគី អាចធ្វើកិច្ចសន្យាដោយសេរី តាមឆន្ទៈព្រមព្រៀងដោយសេរី និងពិតប្រាកដ
មានន័យថាកិច្ចព្រមព្រៀងដោយគ្មានវិការៈ គឺគូភាគី អាំចបង្កើតកិច្ចសន្យាដោយសេរី ដោយមិនប៉ៈពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ
និងទំនៀមតំលាប់ល្អក្នុងសង្គម ។ នៅក្នុងន័យនេះ គឺគូភាគីនៃកិច្ចសន្យា
មានសេរីភាពពេញលេញក្នុងការជ្រើសភាគីនៃកិច្ចសន្យារបស់ខ្លួន ពេលដែលចុះកិច្ចសន្យា
ទោះបីជាកិច្ចសន្យានេះ ជាកិច្ចសន្យាប្រភេទណាក៏ដោយ កុំឲ្យតែជាកិច្ចសន្យាដែលផ្ទុយនិងច្បាប់
។
អ្នកដែលបង្ហាញឆន្ទៈដោយមានវិការៈ
អាចលុបចោលកិច្ចសន្យាចោលបាន។ ការព្រមព្រៀងដែលមានវិការៈ
សំដៅទៅលើការព្រមព្រៀងដែលកើតឡើងដោយមានការភាន់ច្រឡំ ដោយហិង្សា ឬ
ដោយការបន្លំបោកប្រាស់[3] ។
២.៣.បទប្បញ្ញាត្តិតាមការស្ម័គ្រចិត្ត
និង បទប្បញ្ញាត្តិដោយបង្ខំ
យោងតាមគោលការណ៍ខាងលើ
យើងពុំអាចដឹងថាគួរធ្វើដូចម្ដេចទេ ក្រៅពីគោរព ឆន្ទៈគូភាគី ក្នុងការបដិសេធ
មិនអនុវត្តច្បាប់ណាមួយនោះ ក៏ប៉ុន្ដែមិនមែនដូច្នោះទាំងស្រុងនោះទេ
បើគូភាគីបានកំណត់នូវវិធានអ្វីមួយហើយនោះ វិធាននោះនឹងត្រូវបានយកអនុវត្ត
ប៉ុន្ដែចំណុចណាដែលមិនបានកំណត់នោះ គេត្រូវយកបទប្បញ្ញាត្តិនៃច្បាប់រដ្ឋប្បវេណីមកអនុវត្ត
ដើម្បីបំពេញបន្ថែមនៅចំណុចដែលខ្វះចន្លោះ ។
ឧទាហរណ៍
នៅក្នុងករណីថាបានកំណត់តម្លៃទំនិញ
ប៉ុន្ដែពុំបានសំរេចថាតើអ្នកណាជាអ្នកបង់ថ្លៃឈ្នួលទំនិញ តើគេត្រូវសម្រេចយ៉ាងណា? ។
បទប្បញ្ញាត្តិ
ដែលអនុញ្ញាតឲ្យការព្រមព្រៀងរបស់ភាគី មានអាទិភាពជាង
សេចក្ដីដែលចែងនៅក្នុងមាត្រានៃច្បាប់រដ្ឋប្បវេណីនេះគេហៅថា
បញ្ញាត្តិតាមការស្ម័គ្រចិត្ត ។
ចំពោះបញ្ញាត្តិ
ដែលកំណត់ថាទោះជាគូភាគីបានព្រមព្រៀងគ្នាកំណត់យកតាមវិធានណាក្ដី
ពុំអាចប្ដូរសារន័យនៅក្នុងមាត្រានៃច្បាប់នេះបានជាដាច់ខាត នោះគេហៅថា
បទប្បញ្ញាត្តិដោយបង្ខំ ។
២.៤.គោលការណ៍នៃភាពសុចរិត
និងភាពស្មោះត្រង់
តាមគោលការណ៍នោះ
គូភាគីនៃកិច្ចសន្យាត្រូវតែគោរពនូវអ្វីដែលខ្លួនបានសំដែងឆន្ទៈមក
ខាងក្រៅដោយភាពស្មោះត្រង់ ពោលគឺអនុវត្តដោយគ្មានកលល្បិចឡើយ ។ ការប្រើសិទ្ធិ
និងការអនុវត្តករណីកិច្ចត្រូវធ្វើឡើង ដោយសុចរិតផ្អែកតាមភាពស្មោះត្រង់[4] ។
៣.បច្ចេកទេសអាន
និង បច្ចេកសរសេរនៅក្នុងកិច្ចសន្យា
ដើម្បីអានកិច្ចសន្យាឲ្យបានម៉ត់ចត់នោះក្នុងនាមជានិស្សិត
ឬ អ្នកអាន ឬ អ្នកច្បាប់ ត្រូវពិនិត្យមើលនៅចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
៣.១.ចំណងជើង ឬ
កម្មវត្ថុនៃកិច្ចសន្យា
អ្នកអានត្រូវពិនិត្យមើលថា
កិច្ចសន្យានោះជាកិច្ចសន្យាប្រភេទណា មានកម្មវត្ថុជាអ្វី ដូចជាកិច្ចសន្យាលក់ដី
លក់ផ្ទះ កិច្ចសន្យាខ្ចីប្រាក់ ជាដើម ។ ព្រោះកម្មវត្ថុនៃកិច្ចសន្យានីមួយៗមានប្រភេទខុសៗគ្នា
យើងត្រូវយកលក្ខណៈពិសេសនៃច្បាប់ណាមួយ មកដាក់ឲ្យសមស្របនឹងកម្មវត្ថុនៃកិច្ចសន្យានោះ
បន្ថែមលើលក្ខណៈទូទៅ ដែលច្បាប់តំរូវឲ្យមាន ដើម្បីឲ្យកិច្ចសន្យា មានសុពលភាព ។
ក្នុងករណីនេះចំណងជើងនៃកិច្ចសន្យា ជួនកាលអាចត្រូវបានដាក់ឈ្មោះ
ដោយគូភាគីផ្ទាល់តែម្ដង ព្រោះកិច្ចសន្យាមួយចំនួនជាកិច្ចសន្យាគ្មានឈ្មោះ
តែមិនមែនបានន័យថា កិច្ចសន្យានោះ គ្មានសុពលភាពនោះទេ ក្នុងករណីនេះ
គូភាគីមានសេរីភាពក្នុងការកំណត់ឈ្មោះកិច្ចសន្យា
កុំឲ្យតែកិច្ចសន្យានោះត្រូវបានហាមឃាត់ដោយច្បាប់ ។
៣.២.ភាគីទាំងអស់នៅក្នុងកិច្ចសន្យា
អ្នកអាន ឬ និស្សិត
ត្រូវពិនិត្យមើលថា តើភាគីទាំងអស់នៅក្នុងកិច្ចសន្យាទាំងអស់មានចំនួនប៉ុន្មាននាក់?
ជាសហព័ទ្ទ ឬ ជាបុគ្គលដែលនៅលីវ ហើយមានអត្តសញ្ញាណត្រឹមត្រូវហើយឬនៅ ដូចជា ឈ្មោះ
សញ្ជាតិ ទីលំនៅ ទីសំណាក់ ថ្ងៃខែឆ្នាំកំណើត ជាដើម ។ ក្នុងនោះដែរ ត្រូវពិនិត្យមើលថា
បុគ្គលនោះមានសមត្ថភាព និងអាចបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់បានដែរឬទេ?
មានអាសយដ្ឋានច្បាស់លាស់ដែរឬទេ? ហើយពិនិត្យមើលថា នរណាជាអ្នកទទួលកាតព្វកិច្ច និង
នរណាជាអ្នកផ្ដល់កាតព្វកិច្ច នៅក្នុងទំនាក់ទំនងគតិយុត្តនេះ ។
៣.៣.ការព្រមព្រៀង
ការព្រមព្រៀងជាចំណុចសំខាន់ដែលទាមទារមានជាដាច់ខាត
ដោយខានមិនបាន ការព្រមព្រៀងត្រូវតែជាការព្រមព្រៀង ដែលកើតឡើងពិតប្រាកដ ដោយសេរី
ជាក់លាក់ និង គ្មានអធម៌នៃការព្រមព្រៀង ។ រួចហើយត្រូវពិនិត្យមើលថា តើមានសំណើ
មានការទទួលស្វីការ មានការគោរពរយៈពេលសម្រាប់ធ្វើសំណើ និងស្វីការដែរឬទេ?
ត្រង់ចំណុចនេះ គូ ភាគីអាចធ្វើការព្រមគ្នាដោយសេរីតាមអ្វីដែលពួកគេចង់បាន
កុំឲ្យតែការព្រមព្រៀងនោះ ផ្ទុយនឹងច្បាប់ ។
៣.៤.ខ្លឹមសារនៃកិច្ចសន្យា
ត្រង់ចំណុចនេះ
ជាចំណុចចុងក្រោយដែលអ្នកអាន ត្រូវពិនិត្យមើលថា តើក្នុងកិច្ចសន្យានោះមានប៉ុន្មានមាត្រា
ប៉ុន្មានប្រការ ហើយប្រការ ឬ មាត្រានីមួយៗ មានចែងអ្វីខ្លះ
អំពីកាតព្វកិច្ចរបស់គូភាគី និងការបកស្រាយកិច្ចសន្យានៅពេលមានវិវាទកើតឡើងថ្ងៃក្រោយ
និងពីរយៈពេលនៃការបញ្ចប់កិច្ចសន្យា និងការទទួលខុសត្រូវចំពោះការខូចខាត ជាដើម ។
៤.ទណ្ឌកម្មចំពោះការមិនគោរព
លក្ខខណ្ឌសុពលភាពនៃកិច្ចសន្យា
តាមក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា
បានកំណត់នូវទណ្ឌកម្មចំនួនពីរ បើកិច្ចសន្យាទាំងឡាយមិនគោរពតាមលក្ខខណ្ឌនោះទេ
កិច្ចសន្យានោះគ្មានសុពលភាពទេ ។ ទណ្ឌកម្មពីរនោះគឺ មោឃៈភាពកិច្ចសន្យា[5] និង ការលុបចោល[6] ។
៤.១.មោឃៈភាពកិច្ចសន្យា
មោឃៈភាព ជាទោសដែលប្រកាសដោយចៅក្រមលុបបំបាត់ចោលជាប្រតិសកម្ម
នូវលិខិតគតិយុត្តណាដែលមិនបានបំពេញតាមលក្ខខណ្ឌច្បាប់កំណត់ ។
មោឃៈភាពត្រូវបានបែងចែកជាពីរគឺ[7]៖
-មោឃៈភាពដាច់ខាតៈ
កាលបើលក្ខខណ្ឌដែលច្បាប់បានតម្រូវនោះមាន លក្ខណៈជាសារវ័ន្ដ
ហើយមានគោលដៅការពារផលប្រយោជន៍ទូទៅ ឬ សណ្ដាប់ធ្នាប់សាធារណៈ ឬ ទំនៀមទម្លាប់ល្អ ។
-មោឃៈភាពមិនដាច់ខាតៈ
ជាវិធានដែលអនុវត្តទៅលើវិធានណាមួយ ដែលការពារផលប្រយោជន៍ឯកជន ។
តាមក្រមរដ្ឋប្បវេណីពាក្យមោឃៈ
មានន័យថាគ្មានការកកើតសុពលភាបតាំងពីដំបូងទី ។ សកម្មភាពផ្ទុយទៅនឹងបទប្បញ្ញាត្តិដែល
អនុវត្តដោយបង្ខំ ឬ ផ្ទុយទៅនឹងសណ្ដាប់ធ្នាប់សាធារណៈ និង ទំនៀមទម្លាប់ល្អ
ជនណាក៏អាចអះអាងនូវមោឃៈភាពនៃការកិច្ចសន្យានោះបាន[8] ។ ក្នុងន័យនេះមានន័យថា
កាលណាកិច្ចសន្យាណាមួយ ត្រូវបានចាត់ទុកជាមោឃៈ ច្បាប់បានសន្មតថា
កិច្ចសន្យានោះមិនត្រូវបានកើតឡើងតាំងពីដំបូង ពោល គឺច្បាប់មិនទទួលស្គាល់កិច្ចសន្យារបៀបនោះទេ
ទោះបីជាកិច្ចសន្យានោះត្រូវបានបង្កើតឡើងរួចក៏ដោយ ។
នៅក្នុងក្រមរដ្ឋប្បវេណីថ្មីរបស់យើង មិនមានមាត្រាណាបញ្ជាក់អំពីអានុភាពនៃមោឃៈភាព
ដូចក្រឹត្យច្បាប់លេខ ៣៨នោះទេ ប៉ុន្ដែកាលណាកិច្ចសន្យាណាមួយត្រូវបានមោឃៈនោះ
ភាគីម្ខាងទៀតដែលទទួលរងការខូចខាត ដោយសារតែមោឃៈភាពនោះអាចទាមទារ
សំណងនៃការខូចខាតត្រលប់មកវិញ តាមបទបញ្ញាត្តិស្ដីពី សេចក្ដីចម្រើនឥតហេតុ[9] ។
៤.២.ការលុបចោលកិច្ចសន្យា
ការលុបចោល
មានន័យថាមានសុពលភាពតាំងពីដំបូងរហូតដល់ពេលលុបចោល បន្ទាប់ពីបានលុបចោលហើយ គឺគេសន្មតថាគ្មានសុពលភាពតាំងពីដំបូងមក[10]
ពោលគឺ សើរើត្រលប់ថយក្រោយវិញដោយចាត់ទុកថាគ្មានឥទ្ធិពលអ្វីឡើយចាប់ពីដើមទីមក
(អានុភាពប្រតិសកម្ម) ។
តាមក្រមរដ្ឋប្បវេណីមាត្រា ៣៥៩
កិច្ចសន្យាដែលអាចលុបចោលបានដោយ មូលហេតុថាមានវិការៈក្នុងការបង្ហាញឆន្ទៈ ដូចជា
ការភាន់ច្រឡំ ការឆបោក ព័ត៌មានមិនពិត ការរំលោភបំពានលើស្ថានភាព ការគំរាមកំហែង អំពើកេងយកចំណេញហួសហេតុ
អសមត្ថភាពក្នុងការបង្ហាញឆន្ទៈអនីតិភាព ។
ដើម្បីធ្វើការលុបកិច្ចសន្យា
ត្រូវធ្វើឡើងដោយការជូនដំណឹងទៅភាគីម្ខាងទៀតនោះ
ហើយការលុបចោលនោះត្រូវមានអានុភាពនៅពេលដំណឹងនោះបានទៅដល់ភាគីម្ខាងទៀត ។
អាជ្ញាយុកាល
នៃការរំលត់សិទ្ធិលុបចោលមានរយៈពេល ៣ (បី) ឆ្នាំ
ចាប់ពីខ្លួនក្លាយជាអ្នកដែលអាចផ្ដល់សច្ចានុមតិនិងអំឡុងពេល ១០ (ដប់) ឆ្នាំ
ចាប់តាំងពីកាលបរិច្ឆេទនៃកម្មភាពនោះ ។
ចំណាំៈ នៅក្នុងពាក្យច្បាប់
ការសន្មត មានន័យថា ការសន្មតជាបណ្ដោះអាសន្ន ថាយ៉ាងដូច្នេះសិន
ហើយគេអនុញ្ញាតឲ្យសាមីខ្លួនរកភស្ដុតាងមកបញ្ជាក់ ពោលគឺបញ្ជាក់អះអាងថាវាខុស និងការពិត
ហើយលុបចោលការសន្មតនោះ ។ ចំណែកឯពាក្យ ការចាត់ទុក
មានន័យថាការកំណត់ដោយច្បាប់ថាយ៉ាងនេះ ហើយមិនអាចលុបចោលដោយបញ្ជាក់ផ្ទុយពីនោះបានទេ ។
ផ្នែកទី២
ការលក់ទិញ
១.សញ្ញាណទូទៅនៃកិច្ចសន្យាលក់ទិញ
ការលក់ទិញ
សំដៅទៅលើកិច្ចសន្យាមួយ ដែលភាគីម្ខាងហៅថា អ្នកលក់ មានករណីកិច្ចត្រូវផ្ទេរកម្មសិទ្ធិ
ឬ សិទ្ធិផ្សេងទៀតលើទ្រព្យសម្បត្តិឲ្យទៅភាគីម្ខាងទៀត ហៅថា អ្នកទិញ ហើយអ្នកទិញ មានករណីកិច្ចត្រូវចេញថ្លៃជាប្រាក់ឲ្យអ្នកលក់[11]
។ ការទិញលក់នេះផងដែរ ក៏មានចែងនៅក្នុងមាត្រា ៦៥ នៃច្បាប់ភូមិបាល និងមាត្រា ៣៤
នៃក្រឹត្យច្បាប់លេខ ៣៨ផង ដែរ ។
សិទ្ធិផ្សេងៗនេះ សំដៅលើសិទ្ធិជួល អចិន្រ្ដៃយ៍(មាត្រា ២៥២) និងសិទ្ធិទាមទារ (មាត្រា
៥០១) នៃក្រមរដ្ឋប្បវេណី ២០០៧។
សិទ្ធិជួលអចិន្រ្ដៃយ៍
សំដៅលើសិទ្ធិជួលអចលនវត្ថុរយៈពេលវែងចាប់ពី ១៥ (ដប់ប្រាំ) ឆ្នាំ ឡើងទៅដលល់ ៥០
(ហាសិប) ឆ្នាំ ។ សិទ្ធិនេះត្រូវបានយកអនុវត្តចំពោះតែ អចលនវត្ថុប៉ុណ្ណោះ ។ អចលនវត្ថុ
គេសំដៅលើ ដីធ្លី អាគារ សំណង់ ផ្ទះ ជាដើម ។
ក្នុងក្រមរដ្ឋប្បវេណីសង្គមចាស់ ឆ្នាំ១៩២០
មាតិកាទី៣ ជំពូកទី១ ផ្នែកទី១ មាត្រា ១០១៧ មានបញ្ជាក់អត្ថន័យថា ការលក់
ជាកិច្ចសន្យាមួយ ដែលជនម្នាក់ ហៅថាអ្នកលក់ត្រូវផ្ទេរកម្មសិទ្ធិនៃវត្ថុណាមួយ ឬ
សិទ្ធិណាមួយជារបស់ខ្លួនឲ្យទៅជនម្នាក់ទៀត ហៅថា អ្នកទិញ
ដែលជាអ្នកត្រូវចេញថ្លៃជាប្រាក់តាមតម្លៃនៃវត្ថុនោះឲ្យអ្នកលក់ ។
២.លក្ខខណ្ឌគ្រឹះនៃកិច្ចសន្យាលក់ទិញ
២.១.ការព្រមព្រៀងរបស់គូភាគី
កិច្ចសន្យាទិញលក់អាច
ត្រូវបានបង្កើតឡើងដោយមានការព្រមព្រៀងគ្នារវាងភាគីទាំងសងខាងតែប៉ុណ្ណោះ
លើកលែងតែក្នុងករណីដែលមានបញ្ញត្តិពិសេសក្នុងច្បាប់។ ប៉ុន្តែភាគីអាចកំណត់ការធ្វើលិខិតយថាភូត
ឬលិខិតឯកជន ជាលក្ខខណ្ឌសម្រាប់ការបង្កើតកិច្ចសន្យាបាន។
កិច្ចសន្យាលក់ទិញ
ត្រូវតែកើតឡើងពីការព្រមព្រៀងដោយសេរី និងពិតប្រាកដមានន័យថា
ជាការព្រមព្រៀងដោយគ្មានវិការៈ។ ការព្រមព្រៀងដោយសេរី មានន័យថា
ការព្រមព្រៀងនោះកើតចេញពីឆន្ទៈ ដោយផ្ទាល់របស់បុគ្គលនោះ ដោយគ្មានការបង្ខិតបង្ខំ
ទាំងទៅលើរាង្គកាយ និងទៅលើផ្លូវចិត្ត។ ក្នុងន័យនេះ ភាគីអ្នកលក់ និងអ្នកទិញ
ត្រូវតែមានការព្រមព្រៀងគ្នាដោយគ្មានការបង្ខិតបង្ខំ ក្នុងការលក់ ឬទិញ មានន័យថា
អ្នកទិញមានឆន្ទៈក្នុងការទិញ ចំណែកអ្នកលក់ ក៏មានឆន្ទៈក្នុងការលក់ដេរ។
ការព្រមព្រៀងដោយមានវិការៈ
សំដៅទៅលើការព្រមព្រៀងដែលកើតចេញ ពីការបន្លំបោកប្រាស់ ការភាន់ច្រឡំ
ការប្រើអំពើហិង្សា និងការឆ្លៀតឱកាសចំណេញហួសហេតុ។ រាល់ការព្រមព្រៀងរវាងផ្នែកលក់
និងអ្នកទិញ ត្រូវតែគ្មានវិការៈ កាលណាការព្រមព្រៀងនោះមានវិការៈ
ភាគីទាំងពីរអាចសុំលុបកិច្ចសន្យានោះចោលបាន ដោយបង្ហាញភស្ដុតាងថា
ការព្រមព្រៀងនៃកិច្ចសន្យានោះមានវិការៈ។ ក្រៅពីការព្រមព្រៀង
ភាគីនៃកិច្ចសន្យាត្រូវមានសមត្ថភាពយ៉ាងពេញលេញ។
២.២.សមត្ថភាពគូភាគី
ចំពោះអ្នកលក់
សមត្ថភាពក្នុងន័យនេះមានន័យថា
អ្នកលក់ត្រូវតែជាមនុស្សដែលមានសមត្ថភាព ពោលគឺត្រូវតែជានីតិជន។ នីតិជន
គឺជនដែលមានអាយុគ្រប់តាមការកំណត់របស់ច្បាប់។តាមក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ មាត្រា១៧
បានឲ្យនិយមន័យ អនីតិជនថាជាជនដែលមានអាយុក្រោម ១៨ឆ្នាំ។ តាមមាត្រានេះ យើងឃើញថា
ដើម្បីមានសមត្ថភាពទទួលបានសិទ្ធិពេញលេញ ជននោះត្រូវតែមានអាយុចាប់ពី
១៨ឆ្នាំឡើងទៅទើបអាចធ្វើសកម្មភាពបានពេញ លេញ។
តាមរយៈសមត្ថភាពនេះ មិនមែនមានន័យថា ឲ្យតែជននោះមានអាយុគ្រប់១៨ឆ្នាំហើយ
គឺសុទ្ធតែមានសមត្ថភាពពេញលេញក្នុងការធ្វើសកម្មភាពនេះទេ (មាត្រា ១៥
នៃក្រមរដ្ឋប្បវេណី)។ ដើម្បីឲ្យជននោះ មានសមត្ថភាពពេញលេញ
ក្នុងការធ្វើសកម្មភាពបានត្រឹមត្រូវតាមច្បាប់នោះ គឺ
ទាល់តែបុគ្គលនោះមិនត្រូវបានកម្រិតសមត្ថភាពតាមច្បាប់ក្នុងការធ្វើសកម្មភាពរបស់ខ្លួនឡើយ។
តាមក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា
មាត្រា ១៦ មានធ្វើការកម្រិតជនដែលមិនអាចធ្វើសកម្មភាពបានមាន អនីតិជន ជននៅក្រោមអាណាព្យាបាលទូទៅ
ជននៅក្រោមរបបហិតូបត្ថម្ភ។ បញ្ជាក់អនីតិជនមានអត្ថាធិនភាព
មានសមត្ថភាពពេញលេញក្នុងការចុះកិច្ចសន្យាដូចនីតិជនដែល(មាត្រា ២២
នៃក្រមរដ្ឋប្បវេណី)។ លើសពីនេះទៅទៀតអ្នកលក់ត្រូវតែជាម្ចាស់កម្មសិទ្ធិស្របច្បាប់ទៅលើទ្រព្យ
ឬវត្ថុដែលខ្លួនលក់ បើមិនដូច្នេះទេ ការលក់នេះត្រូវទុកជាមោឃៈ។
ការលក់ទ្រព្យសម្បត្តិរួមរបស់សហព័ទ្ធដោយគ្មានការយល់ព្រមពីសហព័ទ្ធម្ខាងទៀត
ត្រូវទុកជាមោឃៈ
ដើម្បីធ្វើការចាត់ចែងទ្រពរបស់សហព័ទ្ធបានទាល់តែមានការយល់ព្រមពីសហព័ទ្ធតាំងសងខាង
(មាត្រា ៩៧៦ នៃក្រមរដ្ឋប្បវេណី)។
ចំពោះអ្នកទិញ
មិនមែនមានន័យថាឲ្យតែ
រូបវន្តបុគ្គល ឬនីតិបុគ្គល សុទ្ធតែអាចក្លាយជាអ្នកទិញបានទាំងអស់នោះទេ
មានបុគ្គលមួយចំនួន ដែលច្បាប់បានធ្វើការហាមឃាត់
មិនឲ្យក្លាយជាអ្នកទិញហើយការដែលច្បាប់ធ្វើការហាមឃាត់នេះ
គឺដើម្បីផលប្រយោជន៏របស់ភាគីអ្នកលក់់។ សមត្ថភាពរបស់អ្នកទិញ មានលក្ខណៈដូចគ្នា
និងសមត្ថភាពរបស់អ្នកលក់ដែរ តែអ្វីដែលមានលក្ខណៈប្លែកនោះគឺ
ច្បាប់បានធ្វើការហាមឃាត់នៅបុគ្គលមួយចំនួនតាមផ្លូវច្បាប់
មិនឲ្យធ្វើសកម្មភាពក្នុងការទិញ ដើម្បីជៀសវាងការបាត់បង់តម្លៃនៅក្នុងការទិញ។
បុគ្គលដែលច្បាប់បានធ្វើការហាមឃាត់មិនអាចក្លាយជាអ្នកទិញតាមផ្លូវច្បាប់ (មាត្រា
៥២៥នៃក្រមរដ្ឋប្បវេណី) មានដូច ជា៖
- អ្នកគ្រប់គ្រង ទ្រព្យសម្បត្តិតាមច្បាប់
តាមផ្លូវតុលាការ ឬតាមកិច្ចសន្យា មិនអាចក្លាយជាអ្នកទិញ ឬជាអ្នកទិញដោយការលក់ដោយ
បង្ខំនូវទ្រព្យសម្បត្តិ ដែលខ្លួនបានទទួលភារកិច្ចលក់ដោយផ្ទាល់ខ្លួន
ឬតាមរយៈអន្តរការីបានឡើយ។
- មន្រ្តីរាជការដែលទទួលបន្ទុកចាត់ការការលក់ដោយបង្ខំ
ឬទទួលបន្ទុកគ្រប់គ្រងការលក់ដោយបង្ខំ។ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី
ឬមន្រ្តីតុលាការផ្សេងទៀត មិនអាចក្លាយជាអ្នកទិញ ឬជាអ្នកទិញដោយ ការលក់ដោយ បង្ខំដោយ
ផ្ទាល់ខ្លួន ឬតាមរយៈអន្តរការីនូវវត្ថុ ឬសិទ្ធិដែលជាកម្មវត្ថុនៃវិវាទ
ដែលកំពុងចាត់ការនៅតុលាការ ដែលខ្លួន បំពេញ ភារកិច្ចបានទេ។
- មេធាវី ឬសារការី ក្លាយជាអ្នកទិញ
ឬជាអ្នកទិញដោយការលក់ដោយបង្ខំនូវវត្ថុ ឬសិទ្ធិដែលទាក់ទងនឹងរឿង
ក្ដីដែលខ្លួនទទួលបន្ទុក។
២.៣.កម្មវត្ថុនៃកិច្ចសន្យា
តើកម្មវត្ថុនៃកិច្ចសន្យាលក់ទិញត្រូវមានលក្ខណៈបែបណា?
ត្រូវជាវត្ថុជាក់លាក់
ដែលអាចធ្វើកិច្ចសន្យាលក់ទិញបាន ធ្វើការសំគាល់ ឬក៏អាចកំណត់នៅរូបរាងបរិមាណ និង
គុណភាព។ តាមក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ មាត្រា ១១៩ បានឲ្យនិយមន័យនៃវត្ថុថា
សំដៅទៅលើរបស់ដែលមានរូបរាង្គជា សារធាតុរាវ ជាសារធាតុ រឹង។
កម្មវត្ថុត្រូវតែជាវត្ថុអាចធ្វើកើត
បើកាលណាវត្ថុនៅក្នងកិច្ចសន្យាលក់ទិញ គឺជាវត្ថុមួយ ដែលមិនអាចធ្វើកើតនោះ
វាជាមូលហេតុដែលនាំឲ្យមានការមោឃៈភាពនៃកិច្ចសន្យាលក់ទិញនោះ។ ភាពអាចធ្វើកើតនេះន
ត្រូវតែមានភាពទូទៅ មានន័យថា មនុស្សទូទៅសុទ្ធតែមានលទ្ធភាពអាចធ្វើបានទាំងអស់គ្នា
មិនមែនអាចធ្វើបានឡើយ។ វត្ថុដែលមិនអាចធ្វើកើតមានមកពីបញ្ហាពីរយ៉ាង៖
- ភាពមិនអាចធ្វើកើតដោយសារតែអំពើ។ ឧទាហរណ៏៖
សង់ផ្ទះវីឡាក្នុងរយៈពេលមួយយប់ ។ល។
- ភាពមិនអាចធ្វើកើតដោយសារតែច្បាប់។ ឧទាហរណ៏៖ សាងសង់ផ្ទះលើដីដែលច្បាប់មិនអនុញ្ញាតឱ្យសាងសង់។
តែដើម្បីកំណត់ថាកិច្ចសន្យានោះត្រូវមោឃៈភាព
ឬយ៉ាងណានោះ គឺយើងត្រូវតែកំណត់ទៅលើលក្ខណៈដាច់ខាត ឬមិនដាច់ខាត បើលក្ខណៈដាច់ខាតនោះ
វានាំឱ្យមានមោឃៈកិច្ចសិន្យាតែបើ លក្ខណៈមិនដាច់ខាតនោះ
កិច្ចសន្យានៅតែមានសុពលភាពដដែល។
ឧទាហរណ៏៖ លោក “ក”
បានទទួលចុះកិច្ចសន្យាជាមួយលោក “ខ” ថា លោក នឹងធ្វើការសាងសង់ផ្ទះឱ្យលោក “ខ” តែលោក “ក” មិនចេះសាងសង់។
កម្មវត្ថុត្រូវតែជាវត្ថុត្រូវស្ថិតនៅក្នុងពេលបច្ចុប្បន្ន
មានន័យថា នៅពេលដែលគូភាគី បានធ្វើការចុះកិច្ចសន្យាទិញលក់ វត្ថុដែលត្រូវលក់
ត្រូវតែមានយ៉ាងពិតប្រាកដ ហើយស្ថិតនៅនាពេលបច្ចុប្បន្នទៀតផង។
ប៉ុន្តែមានកិច្ចសន្យាលក់ទិញនូវវត្ថុមួយចំនួន អាចធ្វើបានផងដែរ
ទោះបីជាវត្ថុដែលលក់នោះមិនស្ថិតនៅក្នុងពេលបច្ចុប្បន្នក៏ដោយ
ក៏កិច្ចសន្យានោះនៅតែមានសុពលភាពដដែល ដោយសារកម្មវត្ថុនៃកិច្ចសន្យានោះ
វាអាចកើតឡើងនាពេលអនាគត។ ឧទាហរណ៏៖ កិច្ចសន្យាសាងសង់ផ្ទះលក់ ដែលផ្ទះនោះ
នឹងត្រូវបានសាងសង់ ហើយនៅពេលអនាគតខាងមុខ។
លក្ខខណ្ឌមួយទៀតគឺតម្លៃនៃកិច្ចសន្យាលក់ទិញ។
តើតម្លៃនៃកិច្ចសន្យាទិញលក់ត្រូវមានលក្ខណៈដូចម្តេច?
កិច្ចសន្យាលក់ទិញ
ជាកិច្ចសន្យាអញ្ញមញ្ញ ដែលតម្រូវឲ្យភាគីទាំងពីរ ត្រូវមានកាតព្វកិច្ចទៅវិញទៅមក មានន័យថា
ភាគីម្ខាងត្រូវមានកាតព្ចកិច្ចប្រគល់វត្ថុ ហើយភាគីម្ខាងទៀត
មានកាតព្វកិច្ចប្រគល់លុយជាថ្នូរនឹងវត្ថុដែលបានប្រគល់។ គេអាចនិយាយម៉្យាងទៀតថា
កិច្ចសន្យាលក់ទិញ ជាកិច្ចសន្យាមូលា ព្រោះកិច្ចសន្យានេះ
ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកប្រយោជន៍ និងថ្នូរទៅវិញទៅមក។
តម្លៃ
គឺពិតជាមានសារៈសំខាន់ណាស់ចំពោះកិច្ចសន្យាលក់ទិញ ពីព្រោះកិច្ចសន្យាលក់
ត្រូវតែមានតម្លៃជាថ្នូរ ដែលខុសពីកិច្ចសន្យាដូរ ដែលគ្មានតម្លៃជាថ្នូរឡើយ
ដូចច្នេះ ការកំណត់តម្លៃ វាជាកត្តាមួយសំខាន់ណាស់ចំពោះភាគីអ្នកលក់
តែអ្វីដែលសំខាន់នោះ គឺជារបៀប និងបច្ចេកទេសនៃការកំណត់តម្លៃ
ថាតើយើងត្រូវធ្វើតាមរបៀបណា ដើម្បីឲ្យមានភាពសុក្រឹត្យនោះ។ ការកំណត់នូវតម្លៃ
អាចយកតាមទីផ្សារ ឬតាមការព្រមព្រៀងរបស់ភាគីទាំងសងខាង។ ក្នុងន័យនេះ
ទោះបីជាតម្លៃនោះមិនទាន់ត្រូវបានប្រគល់ទៅភាគីម្ខាងទៀតក៏ដោយ
ក៏កិច្ចសន្យាអាចកើតមានបានដែរ។ មានកិច្ចសន្យាមួយចំនួន
ការបង់ថ្លៃត្រូវបានធ្វើតាមក្រោយ ក៏មានដែរ។
៣.លក្ខខណ្ឌទម្រង់នៃកិច្ចសន្យាលក់ទិញ
៣.១.កិច្ចសន្យាឯកជន ឬ
លិខិតឯកជន
កិច្ចសន្យាឯកជន
គឺជាកិច្ចសន្យាដែលធ្វើឡើងដោយគូភាគី តាមការព្រមព្រៀងណាមួយ
ដើម្បីបង្កើតឲ្យមានលក្ខណៈគតិយុត្តតាមផ្លូវច្បាប់ ។
កិច្ចសន្យាឯកជនៈ
គឺជាកិច្ចសន្យាដែលធ្វើឡើងតែគ្នាឯង ឥតមានមន្រ្តីរាជការសាធា- រណៈណាមួយបានចូលរួមដឹងឮឃើញផងទេ
មានតែហត្ថលេខានៃគូភាគីតែប៉ុណ្ណោះ ។
កិច្ចសន្យាឯកជន គឺអាចធ្វើឡើងដោយផ្ទាល់មាត់
និងជាលាយលក្ខណ៍អក្សរ ។ ច្បាប់អាចកំណត់ឲ្យមានទម្រង់មួយជាក់លាក់ក្នុងការធ្វើកិច្ចសន្យា
។
តាមក្រមរដ្ឋប្បវេណីមាត្រា ៥១៧ បានចែងថាៈ
កិច្ចសន្យាលក់ទិញ
អាចត្រូវបានបង្កើតឡើងដោយមានការព្រមព្រៀងគ្នារវាងភាគីទាំងសងខាងតែប៉ុណ្ណោះ លើកលែងតែ
ក្នុងករណីដែលមានបញ្ញាត្តិពិសេសក្នុងច្បាប់ ។ ប៉ុន្ដែ
ភាគីអាចកំណត់ការធ្វើលិខិតយថាភូត ឬ លិខិតឯកជន ជាលក្ខខណ្ឌសម្រាប់ការបងើ្កតកិច្ចសន្យាបាន
។ តាមមាត្រានេះ មានន័យថា កិច្ចសន្យាលក់ទិញអាចធ្វើឡើងដោយផ្ទាល់មាត់បាន
តែត្រូវធ្វើដោយលិខិតឯកជនបាន
លើកលែងតែកិច្ចសន្យាមួយចំនួនដែលច្បាប់បានកំណត់នៅទម្រង់មួយជាក់លាក់
ដូចជាកិច្ចសន្យាលក់អចលវត្ថុជាដើម ដែលត្រូវធ្វើឡើងតាមទម្រង់លិខិតយថាភូត ។
៣.២.កិច្ចសន្យាយថាភូត
កិច្ចសន្យាយថាភូត
គឺជាលិខិតដែលធ្វើឡើងដោយសារការី ឬ លិខិតឯកជន
ដែលសារការីចុះនិទ្ទេសថាលិខិតនោះមានភាពត្រឹមត្រូវតាមច្បាប់ និងចុះកាលបរិច្ឆេទ
និងហត្ថលេខាក្រោយពេលខ្លួនបញ្ជាក់ថាលិខិតនោះមានភាពត្រឹមត្រូវតាមច្បាប់[12] ។
ការធ្វើកិច្ចសន្យាតាមលិខិតយថាភូតនោះ គឺដាច់ខាតត្រូវតែមានមន្រ្តី
ដែលមានសមត្ថកិច្ចចូលរួមក្នុងការធ្វើ ដូចជាតាមច្បាប់ភូមិបាល ឆ្នាំ២០០១ ត្រង់មាត្រា
៦៥ បានចែងថា “ការផ្ទេរកម្មសិទ្ធិមុនអាចជំទាស់ពីអាជ្ញាធរមានសមត្ថកិច្ច
ហើយត្រូវបានចុះបញ្ជីនៅអង្គភាពសុរិយោដី ។ កិច្ចសន្យាលក់ឯកជន
មិនអាចចាត់ទុកជាការផ្ទេរកម្មសិទ្ធិទ្រព្យសម្បត្តិនោះពេញលេញលក្ខណៈច្បាប់បានឡើយ “ ។
តាមក្រមរដ្ឋប្បវេណីថ្មី នៃព្រះរាជាណាចក្រកម្ពុជា មាត្រា ១៣៤ និង ១៣៥
បានកំណត់អំពីលក្ខខណ្ឌនៃការតតាំងចំពោះសិទ្ធិប្រត្យក្ស ទាល់តែមានការចុះបញ្ជី
ទើបតតិយជនមិនអាចជំទាស់បាន ចំពោះអចលវត្ថុ ចំណែកចលនវត្ថុវិញចាប់ពីពេលដែលមានការប្រគល់ចលនវត្ថុនោះដល់ភាគីម្ខាងទៀត
។
តាមមាត្រា ៣៣៦ កថាខណ្ឌ ២ បានចែងថា
កិច្ចសន្យាដែលភាគីម្ខាងទទួលករណីកិច្ចធ្វើអនុប្បទាននូវកម្មសិទ្ធិលើអចលវត្ថុ ឬ
ករណីកិច្ចធ្វើលទ្ធកម្មនូវកម្មសិទ្ធិអចលនវត្ថុ និងមានអានុភាព លុះត្រាតែបានធ្វើលិខិតយថាភូត
។ ដូចនេះកិច្ចសន្យាលក់ទិញអចលនវត្ថុត្រូវតែ ធ្វើតាមលិខិតយថាភូត បើមិនដូច្នោះទេ
កិច្ចសន្យានោះឯង ត្រូវទុកជាមោឃៈ ព្រោះបញ្ញាត្តិដែលមានចែងក្នុងមាត្រា ៣៣៦នេះ
ជាបញ្ញាត្តិដែលអនុវត្តដោយបង្ខំ ។ តាមមាត្រា ៣៥៧
ប្រសិនសកម្មភាពនោះបានធ្វើផ្ទុយនឹងបញ្ញាត្តិដែលអនុវត្តដោយបង្ខំត្រូវចាត់ទុកជាមោឃៈ ។
៤.ប្រភេទនៃកិច្ចសន្យាលក់ទិញ
៤.១.ការសន្យាលក់ទិញជាមុនដោយឯកតោភាគី
ការសន្យាទិញលក់ជាមុនដោយឯកតោភាគី
គឺជាដែលភាគីតេម្ខាងសន្យាជាមុនក្នុងការលក់ ឬ ទិញ ការលក់ទិញនេះ
នឹងមានអានុភាពចាប់តាំងពីពេល ដែលភាគីម្ខាងទៀតបង្ហាញឆន្ទៈបំពេញការទិញ ឬ
លក់ចំពោះសន្យានោះ ។
ប្រសិនបើអំឡុងពេលសម្រាប់ការបង្ហាញឆន្ទៈមិនត្រូវបានកំណត់ទេ
អ្នកសន្យាជាមុនអាចកំណត់នូវអំឡុងពេលសមរម្យមួយ ហើយអាចដាស់តឿនឲ្យភាគីម្ខាងទៀត
បង្ហាញឆន្ទៈថាព្រម ឬមិនព្រមបំពេញការទិញ ឬលក់ នៅក្នុងអំឡុងពេលនោះ ។ ក្នុងករណីដែល
ភាគីម្ខាងទៀតមិនបានបង្ហាញឆន្ទៈនៅក្នុងអំឡុងពេលកំណត់ទេ
ការសន្យាជាមុននោះនឹងត្រូវបាត់បង់អានុភាព ។
៤.២.ការសន្យាលក់ទិញដោយមានប្រាក់កក់
ប្រាក់កក់
គឺជាប្រាក់ដែលភាគីអ្នកទិញ ឬ អ្នកជួលបានដាក់ ឬ ប្រគល់ទៅឲ្យម្ចាស់ផ្ទះ ឬអ្នកលក់
ឬម្ចាស់ផ្ទះ ដើម្បីធានានូវកាតព្វកិច្ចរបស់ខ្លួន ក្នងករណីដែលមានការរំលាយកិច្ចសន្យា
មិនមែនជាប្រាក់សម្រាប់សំណងខូចខាត ក្នុងការករណីការបំពានកិច្ចសន្យាទេ ។
អ្នកលក់មានសិទ្ធិទទួលប្រាក់កក់នេះ ប្រើសិនបើភាគីអ្នកទិញ
មិនព្រមអនុវត្តកាតព្វកិច្ចរបស់ខ្លួនតាមការសន្យា ។
ប្រាក់កក់មានតួនាទី បញ្ជាក់នូវការបង្កើតកិច្ចសន្យា
សំណងការខូចខាតចំពោះការរំលាយ កិច្ចសន្យា
រឹបអូសយកប្រាក់កក់ក្នុងករណីដែលមិនមានការអនុវត្តកាតព្វកិច្ច ។
បើអ្នកទិញ បានបង់ប្រាក់កក់ទៅឲ្យអ្នកលក់
អ្នកទិញ អាចរំលាយកិច្ចសន្យាលក់ទិញ ដោយបោះបង់ចោលប្រាក់កក់នោះបាន រីឯ អ្នកលក់វិញ
អាចរំលាយកិច្ចសន្យាលក់ទិញបាន ដោយសងប្រាក់ស្មើនឹងពីរដងនៃប្រាក់កក់នោះមកវិញបានដែរ ។
ប៉ុន្ដែ ភាគីម្ខាងមិនអាចរំលាយកិច្ចសន្យាបានឡើយ
ក្រោយពេលភាគីម្ខាងទៀតបានចាប់ផ្ដើមអនុវត្តកិច្ចសន្យាហើយ[13]
។បើគូភាគីបានព្រមព្រៀងគ្នាផ្សេងពីនេះ ត្រូវគោរពតាមការព្រមព្រៀងនោះ ។
៤.៣.ការលក់ដោយមានការភ្លក់សាក
៤.៤.ការលក់ដោយមានការសាក
ចំពោះករណីពីរនេះ
ពុំមានពាក់ព័ន្ធនឹងប្រធានបទទេ ដូចនេះខ្ញុំសុំមិនលើកបង្ហាញជូនទេ ។
៥.អានុភាពនៃកិច្ចសន្យាលក់ទិញ
អានុភាពនៃកិច្ចសន្យាលក់ទិញមានដូចខាងក្រោមៈ
៥.១.ការផ្ទេរកម្មសិទ្ធិ
ការផ្ទេរកម្មសិទ្ធិ ជាការផ្ទេរហានិភ័យ
ហើយវាអាស្រ័យតាមប្រភេទនៃកិច្ចសន្យានីមួយៗ ការផ្ទេរកម្មសិទ្ធិ
សិទ្ធិលើកម្មវត្ថុនៅក្នុងកិច្ចសន្យាទិញលក់
ត្រូវអនុវត្តតាមគោលការណ៍ទូទៅដែលបានកំណត់ស្ដីពីការបង្កើត ការផ្ទេរ
និងការកែប្រែនូវសិទ្ធិប្រត្យក្ស ដោយការព្រមព្រៀង ។ បើកម្មវត្ថុនៃកិច្ចសន្យាទិញលក់ជាសិទ្ធិលើទ្រព្យសម្បត្តិ
ក្រៅពីកម្មសិទ្ធិ ការផ្ទេរសិទ្ទិទាំងនោះ ត្រូវអនុវត្តទៅតាមគោលការណ៍ទូទៅ
ដែលទាក់ទងនឹងការផ្ទេរសិទ្ធិនីមួយៗនោះ ។
ប៉ុន្ដែប្រធានបទស្រាវជ្រាវពាក់ព័ន្ធនឹងការកិច្ចសន្យាទិញលក់អចលនវត្ថុ ដូច្នេះ
ខ្ញុំសុំលើកឡើងពីការផ្ទេរកម្មសិទ្ធិអចលនវត្ថុប៉ុណ្ណោះ ។
អចលនវត្ថុ
ជាវត្ថុដែលមិនអាចធ្វើការផ្លាស់ប្ដូរទីកន្លែងបាន បើអាចផ្លាស់ប្ដូរបាន
វាអាចធ្វើឲ្យបាត់បង់ទ្រង់ទ្រាយដើម ឬ ខូចខាតតម្លៃច្រើន ។
តាមក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ មាត្រា
១២០ បានបែងចែកវត្ថុជាពីរប្រភេទគឺ ចលនវត្ថុ និងអចលនវត្ថុ ។ អចលនវត្ថុ សំដៅទៅលើ
ដីធ្លី និង វត្ថុជាប់នៅលើដី ហើយមិនអាចផ្លាស់ប្ដូរទីកន្លែងបានដូចជា អាគារ សំណង់
ដំណាំ រុក្ខជាតិ ជាដើម ។
ការផ្ទេរសិទ្ធិលើអចលនវត្ថុ
គឺត្រូវធ្វើឡើងនៅក្រសួងដែលមានសមត្ថកិច្ច “ ការផ្ទេរកម្មសិទ្ធិ”
ត្រូវចាត់ទុកជាបានសម្រេចចាប់ពីពេលដែលបានចុះបញ្ជីកិច្ចសន្យានោះនៅអង្គភាពសុរិយោដី “
។
ចំពោះអចលនវត្ថុ ការផ្ទេរសិទ្ធិរបស់អ្នកលក់
ឲ្យទៅអ្នកទិញទុកជាត្រឹមត្រូវ ហើយតតិយជនជំទាស់លែងបាន
លុះត្រាតែធ្វើការចុះបញ្ជីតាមបញ្ញាត្តិរបស់ច្បាប់[14] ។
តាមបទបញ្ញាត្តិនៅក្នុងមាត្រានេះ
វាមិនមែនជាលក្ខខណ្ឌសុពលភាពនៃកិច្ចសន្យាលក់ទិញអចលនវត្ថុនោះទេ
តែវាជាលក្ខខណ្ឌតតាំងចំពោះតតិយជនតែប៉ុណ្ណោះ មានន័យថាបើគូភាគី
មិនបានធ្វើការចុះបញ្ជីឲ្យបានត្រឹមត្រូវតាមច្បាប់ទេ គូភាគី
មិនអាចយកសិទ្ធិរបស់ខ្លួនដែលមានចំពោះអចលនវត្ថុនោះ ទៅតតាំងចំពោះអ្នកផ្សេងទៀតបានឡើយ ។
ដូចនេះដើម្បីអាចតតាំងចំពោះតតិយជនបានគឺ មានតែការចុះបញ្ជីតែមួយគត់ ។
តាមច្បាប់ភូមិបាល ឆ្នាំ ២០០១ មាត្រា ៦៥
វាក្យខ័ណ្ឌ ១ បានចែងថា “ ការផ្ទេរកម្មសិទ្ធិដែលតតិយជនជំទាស់លែងបាន
លុះត្រាតែកិច្ចសន្យា លក់ ទិញ អចលនវត្ថុនោះ ត្រូវបានធ្វើឡើងដោយលាយលក្ខណ៍អក្សរ
តាមទម្រង់លិខិតយថាភូត ដែលធ្វើឡើងដោយអាជ្ញាធរមានសមត្ថកិច្ច
ហើយត្រូវបានចុះបញ្ជីនៅអង្គភាពសុរិយោដី “ ។
៦.ការអនុវត្តកិច្ចសន្យាលក់ទិញ
៦.១.សិទ្ធិរបស់អ្នកលក់
៦.១.១.សិទ្ធិជួសជុលរបស់អ្នកលក់
ក្នុងករណីដែលអ្នកលក់ប្រគល់វត្ថុដែលមានវិការៈ
មុនពេលកំណត់ត្រូវប្រគល់ អ្នកលក់នោះអាចជួសជុលវិការៈរហូតដល់ពេលកំណត់បាន
លុះត្រាតែមិនបណ្ដាលឲ្យខូចខាតផលប្រយោជន៍ហួសហេតុដល់អ្នកទិញ
ប៉ុន្ដែអ្នកទិញមិនត្រូវបានរារាំងក្នុងការអនុវត្តសិទ្ធិទាមទារសំណងនៃការខូចខាតឡើយ ។
ទោះជាក្រោយពេលកំណត់ត្រូវប្រគល់ក៏ដោយ
អ្នកលក់ អាចជួសជុលវិការៈទាំងអស់ដោយចេញចំណាយខ្លួនឯងបាន
លុះត្រាតែមិនបណ្ដាលឲ្យខូចខាតផលប្រយោជន៍ហួសហេតុដល់អ្នកទេ ។
ប៉ុន្ដែអ្នកទិញមិនត្រូវបានរារាំងក្នុងការអនុវត្តសិទ្ធិរំលាយ
និងទាមទារសំណងនៃការខូចខាតឡើយ ។
៦.១.២.សិទ្ធិតវ៉ាឲ្យអនុវត្តព្រមគ្នា
និងសិទ្ធិតវ៉ាដោយមានការបារម្ភ
អ្នកលក់អាចប្រកែកមិនព្រមផ្ទេរសិទ្ធិដែលជាកម្មវត្ថុ
និងមិនព្រមប្រគល់វត្ថុជាកម្មវត្ថុ ទៅអ្នកទិញបានរហូតដល់ពេល
ដែលអ្នកទិញបានសងចំពោះកាតព្វកិច្ចបង់ថ្លៃលក់ ។
ប៉ុន្ដែបញ្ញាត្តិនេះមិនត្រូវបានយកអនុវត្តឡើយចំពោះករណី ដែលកាតព្វកិច្ចរបស់អ្នកទិញនោះ
ពុំទាន់ដល់ពេលកំណត់ត្រូវសង
ឬករណីដែលមានការព្រមព្រៀងគ្នាអំពីការអនុវត្តករណីកិច្ចផ្ទេរសិទ្ធិ
ឬកាតព្វកិច្ចប្រគល់ជាមុន ។
៦.១.៣.សិទ្ធិទទួលផល
តាមមាត្រា ១២៧ នៃក្រមរដ្ឋប្បវេណី ២០០៧
បានឲ្យអត្ថន័យផល ថាជាអត្ថប្រយោជន៍ដែលកើតពីវត្ថុអ្វីមួយ ។ វត្ថុដែលបង្កើតផល ហៅថា
វត្ថុដើម ។ ផលត្រូវបានបែងចែកជាពីរប្រភេទ គឺ ផលធម្មជាតិ និងផលស៊ីវិល ។
ក្នុងករណីដែលកម្មវត្ថុនៃការលក់ក
បានបង្កើតផលធម្មជាតិ មុនពេលប្រគល់ទៅអ្នកទិញផលនេះ ត្រូវទុកជាកម្មសិទ្ធិរបស់អ្នកលក់
លើកលែងតែមានការព្រមព្រៀងគ្នាពិសេសរវាងគូភាគី ។
បទបញ្ញាត្តិនេះត្រូវបានយកមកអនុវត្តដូចគ្នាផងដែរ
ចំពោះករណីដែលកម្មវត្ថុនៃការលក់បង្កើតផលស៊ីវិលដូចជាថ្លៃឈ្នួល ។
៦.២.ករណីកិច្ចអ្នកលក់
ចំពោះអ្នកលក់វិញ
កាតព្វកិច្ចសំខាន់ទីមួយរបស់គាត់ គឺត្រូវប្រគល់វត្ថុ ឬផ្ទេរសិទ្ធិលើទ្រព្យសម្បត្តិ
ដែលគាត់បានព្រមព្រៀងលក់ ទៅឲ្យអ្នកទិញ។
៦.២.១. ករណីយកិច្ចទូទៅរបស់អ្នកលក់(មាត្រា
៥៣០)
អ្នកលក់មានករណីយកិច្ច
ត្រូវផ្ទេរសិទ្ធិលើទ្រព្យសម្បត្ដិដែលខ្លួនបានលក់ ត្រូវប្រគល់វត្ថុដែលបានលក់ ត្រូវថែរក្សាទុកនូវវត្ថុដែលបានលក់រហូតដល់ពេលប្រគល់ ព្រមទាំងត្រូវប្រគល់លិខិតផ្សេងៗដែលចាំបាច់ដើម្បីបញ្ជាក់នូវសិទ្ធិ ចំពោះអ្នកទិញ តាមកិច្ចសន្យា ។ សិទ្ធិលើទ្រព្យ ឬវត្ថុ ដែលត្រូវប្រគល់ទៅឲ្យអ្នកទិញនេះ
ត្រូវតែមានបរិមាណ និងគុណភាព ដូចអ្វី ដែលបានព្រមព្រៀងគ្នា។
ម្យ៉ាងទៀត
ប្រសិនបើការប្រគល់វត្ថុ ឬការផ្ទេរសិទ្ធិលើទ្រព្យ ត្រូវធ្វើ
នៅក្រោយការបង្កើតកិច្ចសន្យាទិញលក់ អ្នកលក់ មានករណីយកិច្ចថែរក្សាវត្ថុ
ឬទ្រព្យនោះឲ្យបានគង់វង់ល្អ រហូតដល់ពេលប្រគល់ទៅឲ្យអ្នកទិញ (មាត្រា
៥៥២)។
ច្បាប់តម្រូវឲ្យអ្នកលក់ថែរក្សាវត្ថុ
ឬទ្រព្យ ដែលជាកម្មវត្ថុនៃការលក់នេះ ឲ្យបានហ្មត់ចត់ “ក្នុងនាមជាអ្នកគ្រប់គ្រងដ៏ល្អ (គឺថែរក្សាដូចជាការថែរក្សាទ្រព្យផ្ទាល់ខ្លួនឯងផ្សេងទៀតអ៊ីចឹងដែរ) មិនមែនអាងតែបានចុះកិច្ចសន្យាលក់រួចហើយ
ទុកវត្ថុនោះចោល លែងរវីរវល់ថែទាំ នាំឲ្យបាត់បង់ ឬខូចខាត នោះទេ។
៦.២.២. ករណីយកិច្ចត្រូវពន្យល់របស់អ្នកលក់
(មាត្រា ៥២៩)
អ្នកលក់មានករណីយកិច្ច
ត្រូវពន្យល់ឲ្យបានច្បាស់លាស់ នូវខ្លឹមសារនៃករណីយកិច្ចដែលអ្នកលក់ទទួលបន្ទុក ទំនាក់ទំនងគតិយុត្ដដែលទាក់ទងនឹងវត្ថុ ឫ សិទ្ធិដែលជាកមវត្ថុនៃការលក់ទិញ ហើយជាពិសេសក្នុងករណីលក់អចលនវត្ថុ ត្រូវពន្យល់ដល់អ្នកទិញឲ្យបានច្បាស់លាស់នូវខ្លឹមសារនៃសិទ្ធិ ការទទួលបន្ទុក និងព្រំដែននៃអចលនវត្ថុ ជាអាទិ៍ ។
ករណីយកិច្ចសំខាន់មួយទៀតរបស់អ្នកលក់
គឺករណីយកិច្ចផ្តល់ព័ត៌មាន ចំពោះអ្នកទិញ គឺព័ត៌មានចាំបាច់ ដែលជាប់ពាក់ព័ន្ធនឹងវត្ថុ
ដែលខ្លួនលក់នេះ ជាពិសេស ក្នុងករណីលក់ផ្ទះ ឬក៏ដីធ្លី
អ្នកលក់ត្រូវពន្យល់ដល់អ្នកទិញឲ្យបានច្បាស់លាស់ អំពីខ្លឹមសារនៃសិទ្ធិលើអចលនវត្ថុ
អំពីព្រំដែននៃអចលនវត្ថុ និងពីបន្ទុកផ្សេងៗ ដែលអាចមានលើអចលនវត្ថុនេះ ដូចជា
ករណីមានសេវភាពតម្រូវឲ្យបើកផ្លូវឆ្លងកាត់ ទៅដីអ្នកជិតខាង ជាដើម។
ប្រសិនបើអ្នកលក់មិនបំពេញតាមករណីយកិច្ចផ្តល់ព័ត៌មាននេះទេ
ឬផ្តល់ព័ត៌មានមិនគ្រប់គ្រាន់ ឬមិនច្បាស់លាស់
គាត់ជាអ្នកទទួលខុសត្រូវចំពោះការខូចខាតណាមួយ ដែលកើតឡើង
ដោយសារការខកខានមិនបានផ្តល់ព័ត៌មាននេះ។ ម្យ៉ាងទៀត
ប្រសិនបើអ្នកលក់ផ្តល់ព័ត៌មានមិនពិត ឬលាក់បាំងការពិតដោយចេតនា ហើយព័ត៌មានមិនពិត
ឬព័ត៌មានដែលលាក់កំបាំងនេះ គឺជាចំណុចសំខាន់
ដែលមានឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នកទិញ ក្នុងករណីនេះ
អ្នកទិញអាចសុំលុបចោលកិច្ចសន្យានេះវិញបាន ដោយលើកយកការឆបោកមកធ្វើជាមូលហេតុ។
៦.២.៣. ក្នុងករណីដែលអ្នកលក់ធ្វើឲ្យបាត់បង់
ឬធ្វើឲ្យខូចខាត
ក្នុងករណីដែលអ្នកលក់ធ្វើឲ្យបាត់បង់
ឬធ្វើឲ្យខូចខាតវត្ថុ ដែលជាកម្មវត្ថុនៃការលក់ ដោយសារតែមានការធ្វេសប្រហែស
មិនបានគោរពករណីយកិច្ចថែរក្សាវត្ថុ ដូចមានចែងក្នុងច្បាប់នេះទេ
គាត់នឹងត្រូវទទួលខុសត្រូវចំពោះអ្នកទិញ ទៅតាមអ្វីដែលបានចែងក្នុងកិច្ចសន្យា
ឬត្រូវសងសំណងខូចខាត ទៅតាមការចែងក្នុងក្រមរដ្ឋប្បវេណី
ទាក់ទងនឹងសំណងខូចខាតក្នុងករណីមិនគោរពកាតព្វកិច្ចតាមកិច្ចសន្យា ។
៦.៣.សិទ្ធិរបស់អ្នកទិញ
៦.៣.១.ករណីយកិច្ចរបស់អ្នកទិញ
ចំពោះអ្នកទិញ
កាតព្វកិច្ចមានតិចជាងអ្នកលក់ ហើយកាតព្វកិច្ចធំបំផុតរបស់អ្នកទិញ គឺបង់ថ្លៃទិញ
ទៅតាមកិច្ចសន្យា។ ការបង់ថ្លៃទិញនេះ គឺត្រូវធ្វើទៅតាមកាលបរិច្ឆេទ
និងទីកន្លែងដែលបានកំណត់ នៅក្នុងកិច្ចសន្យា។
កាតព្វកិច្ចមួយទៀត
គឺកាតព្វកិច្ចទទួលវត្ថុ ទៅតាមការកំណត់ក្នុងកិច្ចសន្យា។
ប្រសិនបើអ្នកទិញមានការយឺតយ៉ាវក្នុងការបំពេញករណីយកិច្ចទទួលវត្ថុ
អ្នកលាក់អាចទាមទារសំណង ប្រសិនបើការយឺតយ៉ាវនេះនាំឲ្យគាត់ទទួលរងនូវការខូចខាតអ្វីមួយ
ឬក៏អាចទាមទាររំលាយកិច្ចសន្យាទិញលក់នេះវិញបាន។ ម្យ៉ាងទៀត
ប្រសិនបើដល់ថ្ងៃកំណត់ទទួលវត្ថុ ហើយអ្នកទិញមកមិនទទួលទេ
អ្នកទិញត្រូវជាអ្នកទទួលបន្ទុកហានិភ័យ នៃការបាត់បង់ ឬខូចខាតវត្ថុនេះ។
៦.៣.២. ការយឺតយ៉ាវក្នុងការបំពេញករណីយកិច្ចទទួល(មាត្រា ៥៥៩)
១-ក្នុងករណីដែលអ្នកទិញមានការយឺតយ៉ាវក្នុងការបំពេញករណីយកិច្ចទទួលអ្នកលក់អាចទាមទារសំណងនៃការខូចខាត ឫ រំលាយកិច្ចសន្យា តាមបញ្ញត្ដិនៃផ្នែកទី ៣
(សំណងនៃការខូចខាត) និង ផ្នែកទី ៤(ការរំលាយកិច្ចសន្យា) ជំពូកទី ៤ នៃគន្ថីទី ៤ បាន ។
២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បើវត្ថុដែលជាកម្មវត្ថុត្រូវបានបាត់បង់ ឫ ខូចខាត ដោយនាកំហុសរបស់អ្នកលក់ អ្នកទិញត្រូវទទួលបន្ទុកហានិភ័យនោះ ។
៣-ក្នុងករណីដែលអ្នកលក់បានផ្ដល់នូវការសង តែអ្នកទិញនៅតែមិនព្រមទទួលវត្ថុដែលជាកម្មវត្ថុ អ្នកលក់អាចតម្កល់ ឫ លក់វត្ថុដែលជាកមវត្ថុនោះ តាមបញ្ញត្ដិមាត្រា ៤៥៧ (ការតម្កល់) និង មាត្រា ៤៥៨ (សិទ្ធិលក់ដោយខ្លួនឯង) នៃក្រមរដ្ឋវេណី
ឆ្នាំ២០០៧ ។
៦.៣.៣. សិទ្ធិបដិសេធមិនបង់ថ្លៃទិញ ក្នុងករណីដែលតតិយជនអះអាងសិទ្ធិរបស់ខ្លួនលើវត្ថុដែលជាកម្មវត្ថុនៃការលក់ទិញ
(មាត្រា ៥៥៧)
១-ក្នុងករណីដែលមានអ្នកអះអាងសិទ្ធិលើវត្ថុដែលជាកមវត្ថុនៃការលក់ទិញហើយមានការបារម្ភថា អ្នកទិញនឹងបាត់បង់នូវសិទ្ធិទាំងអស់
ឫ មួយភាគដែលខ្លួនបានទិញនោះអ្នកទិញអាចបដិសេធមិនបង់ថ្លៃទិញទាំងអស់ឫ មួយភាគ ទៅតាមទំហំនៃហានិភ័យនោះបាន ។ ប៉ុន្ដែ បញ្ញត្ដិនេះមិនត្រូវបានយកមកអនុវត្ដឡើយ ចំពោះករណីដែលអ្នកលក់បានដាក់ប្រាតិភោគសមរម្យ ។
២-ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី១ ខាងលើនេះ អ្នកលក់អាចទាមទារឲ្យអ្នកទិញតម្កល់ ថ្លៃទិញបាន ។
៦.៣.៤.សិទ្ធិតវ៉ាឲ្យអនុវត្ដព្រមគ្នា និង សិទ្ធិតវ៉ាដោយមានការបារម្ភ
(មាត្រា ៥៥៨)
-អ្នកទិញអាចមិនព្រមបង់ថ្លៃទិញបាន រហូតដល់ពេលដែលអ្នកលក់បានផ្ដល់នូវការសងចំពោះ កាតព្វកិច្ចរបស់ខ្លួន ។ ប៉ុន្ដែបញ្ញត្ដិនេះមិនត្រូវយកមកអនុវត្ដឡើយ ចំពោះករណីដែលកាតព្វកិច្ចរបស់អ្នកលក់មិនទាន់ដល់ពេលកំណត់ត្រូវសង ឫ ករណីដែលមានការព្រមព្រៀងគ្នាអំពីការអនុវត្ដកាតព្វកិច្ចបង់ថ្លៃជាមុន ។
-ទោះបីជាអ្នកទិញបានអនុញ្ញាត
ឲ្យអ្នកលក់មានពេលកំណត់ដើម្បីអនុវត្ដកាតព្វកិច្ចក៏ដោយ ប្រសិនបើមានការបារម្ភយ៉ាងជាក់ស្ដែងថាអ្នកលក់នឹងមិនអនុវត្ដកាតព្វកិច្ចរបស់ខ្លួន
ក៏អ្នកទិញអាចប្រកែកមិនបង់ថ្លៃទិញបានដែរ ។ ប៉ុន្ដែបញ្ញត្ដិនេះមិនត្រូវយកមកអនុវត្ដឡើយ ចំពោះករណីដែលអ្នកលក់បានដាក់ប្រាតិភោគ ឫ ចាត់ចែងវិធានការដើម្បីរំលត់ការបារម្ភនោះ ។
៧.ការរំលាយកិច្ចសន្យា
៧១ ការរំលាយដោយមូលហេតុមិនអនុវត្ដកាតព្វកិច្ច
(មាត្រា ៤០៧)
ភាគីម្ខាងនៃកិច្ចសន្យាអញ្ញមញ្ញអាចរំលាយកិច្ចសន្យាបានភ្លាមៗ ក្នុងករណីដែលភាគីម្ខាងទៀតបំពានកិច្ចសន្យាយ៉ាងធ្ងន់ធ្ងរ ។
៧.២ ការបំពានកិច្ចសន្យាយ៉ាងធ្ងន់ធ្ងរ
(មាត្រា ៤០៨)
១-ការបំពានកិច្ចសន្យាយ៉ាងធ្ងន់ធ្ងរ សំដៅទៅលើករណីដែលភាគីម្ខាងមិនអាចសម្រេចនូវគោលបំណងនៃកិច្ចសន្យាបាន ដោយសារការបំពានរបស់ភាគីម្ខាងទៀត ។
ត្រូវចាត់ទុកថាមានការបំពានកិច្ចសន្យាយ៉ាងធ្ងន់ធ្ងរ ក្នុងករណីដូចខាងក្រោមនេះ ៖
ក- ភាគីម្ខាងបានដាស់តឿនភាគីម្ខាងទៀតដែលមិនបានអនុវត្ដកាតព្វកិច្ច
តាមពេលកំណត់ ដោយកំណត់អំឡុងពេលសមរម្យដើម្បីឲ្យអនុវត្ដកាតព្វកិច្ច
ហើយកាតព្វកិច្ចមិនត្រូវបានអនុវត្ដក្នុងអំឡុងពេលនោះ
ខ-ភាគីមិនបានអនុវត្ដកាតព្វកិច្ចតាមពេលកំណត់ក្នុងកិច្ចសន្យា
ក្នុងករណីដែលគោលបំណងនៃកិច្ចសន្យាមិនបានសម្រេចសោះ បើភាគីមិនអនុវត្ដកាតព្វកិច្ចតាមពេលកំណត់នោះ ។
គ-ភាគីមិនអាចអនុវត្ដករណីយកិច្ចផ្ដល់តាវកាលិកចម្បងរបស់ខ្លួនបានទេ ។
ឃ-ការបំពានកិច្ចសន្យាមានភាពហួសហេតុ
ដែលធ្វើឲ្យបាត់បង់នូវទំនុកចិត្ដរវាងគូភាគី ហើយមិនអាចជឿជាក់ថា នឹងអនុវត្ដកាតព្វកិច្ចនាអនាគតបាន ។
២-ភាគីដែលបំពានកិច្ចសន្យា មិនអាចរារាំងការរំលាយកិច្ចសន្យាដោយផ្អែកលើ
បញ្ញត្ដិនៃកថាខណ្ឌទី ១ ខាងលើនេះ ដោយយកមូលហេតុថាខ្លួននាកំហុសចំពោះការមិនអនុវត្ដកាតព្វកិច្ចរបស់ខ្លួន បានឡើយ។
៨.វិធីអនុវត្ដសិទ្ធិរំលាយកិច្ចសន្យា
៨.១ វិធីអនុវត្ដសិទ្ធិរំលាយកិច្ចសន្យា
(មាត្រា ៤០៩)
១-ភាគីម្ខាងដែលមានសិទ្ធិរំលាយ អាចរំលាយកិច្ចសន្យា ដោយបង្ហាញឆន្ទៈរំលាយចំពោះភាគីម្ខាងទៀតបាន ។ ការបង្ហាញឆន្ទៈរំលាយនេះអាចធ្វើឡើងក្រៅតុលាការបាន ។
២-ការបង្ហាញឆន្ទៈរំលាយនេះ មិនអាចដកវិញបានទេ ។
៣-ការបង្ហាញឆន្ទៈរំលាយនេះ អាចដាក់ល័ក្ខខ័ណ្ឌបង្អង់បាន ។
៨.២ ការរំលាយកិច្ចសន្យាដែលភាគីម្ខាងមានច្រើននាក់
(មាត្រា ៤១០)
១-ក្នុងករណីដែលភាគីម្ខាងមានច្រើននាក់ ការរំលាយកិច្ចសន្យាត្រូវធ្វើឡើងដោយបុគ្គលទាំងអស់នោះចំពោះភាគីម្ខាងទៀត ឫ ដោយភាគីម្ខាងទៀតចំពោះបុគ្គលទាំងអស់នោះ ។
២-ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ១
ខាងលើនេះ ប្រសិនបើសិទ្ធិរំលាយកិច្ចសន្យាបានរលត់ចំពោះបុគ្គលណាម្នាក់ ក្នុងចំណោមបុគ្គលនៃភាគីដែលមានច្រើននាក់សិទ្ធិរំលាយនោះក៏ត្រូវរលត់ចំពោះបុគ្គលផ្សេងទៀតនៃភាគីនោះដែរ ។
៨.៣ អានុភាពនៃការរំលាយកិច្ចសន្យា
(មាត្រា ៤១១)
១-ការរំលាយកិច្ចសន្យានាំឲ្យគូភាគីរួចផុតពីករណីយកិច្ចក្នុងកិច្ចសន្យា លើកលែងតែករណីយកិច្ចសងការខូចខាត ។
២-ភាគីដែលបានទទួលតាវកាលិកនៃកិច្ចសន្យាតែមួយភាគ
ឫទាំងអស់ ត្រូវមានករណីយកិច្ចសងតាវកាលិកនោះទៅភាគីម្ខាងទៀត ដើម្បីឲ្យភាគីនោះទទួលបដិទានឡើងវិញ ដោយសារការរំលាយ ។ ក្នុងករណីដែលភាគីទាំងសងខាង មានករណីយកិច្ចធ្វើបដិទានទៅវិញទៅមក ករណីយកិច្ចទាំងនោះត្រូវអនុវត្ដនៅពេលជាមួយគ្នា ។
៣-ភាគីដែលមានករណីយកិច្ចសងជាប្រាក់ដោយការរំលាយកិច្ចសន្យា
ត្រូវសងជាមួយនឹងការប្រាក់ដោយគិតចាប់ពីថ្ងៃដែលបានទទួលប្រាក់ដើមនោះ ភាគីដែលមានករណីយកិច្ចបង្វិលជាវត្ថុ ឫ ជាតាវកាលិកផ្សេងដែលខ្លួនបានទទួល ទៅភាគីម្ខាងទៀតដោយសារការរំលាយ
ត្រូវសងទាំងផលដែលបានទទួលពីវត្ថុ ឫតាវកាលិកនោះផងដែរ ។
៤-ការរំលាយកិច្ចសន្យាមិនអាចធ្វើឲ្យខូចផលប្រយោជនត្រឹមត្រូវរបស់តតិយជនបានឡើយ ។
៨.៤ សិទ្ធិរំលាយក្នុងករណីដែលកមវត្ថុនៃកិច្ចសន្យាត្រូវបានខូចខាត ឫ បាត់បង់ (មាត្រា ៤១២)
១-សិទ្ធិរំលាយត្រូវរលត់ ក្នុងករណីភាគីដែលមានសិទ្ធិរំលាយបានធ្វើឲ្យមានការខូចខាត ឫ ការបាត់បង់ដល់វត្ថុដែលជាកមវត្ថុនៃកិច្ចសន្យា
ឫ មិនអាចសងវត្ថុនោះវិញបានដោយចេតនា ឫ ធ្វើឲ្យវត្ថុនោះក្លាយជាវត្ថុប្រភេទផ្សេង ដោយការកែច្នៃ ឫ ការផ្លាស់ទម្រង់ដោយចេតនា ។
២-ក្នុងករណីដែលបានកំណត់នៅកថាខណ្ឌទី ១ ខាងលើនេះ បើភាគីបានអនុវត្ដសិទ្ធិរំលាយភាគីនោះត្រូវសងជាប្រាក់នូវតម្លៃនៃវត្ថុដែលជាកមវត្ថុនោះ ត្រឹមកម្រិតតម្លៃដែលបានកំណត់ក្នុងកិច្ចសន្យា។
៣-ក្នុងករណីដែលភាគីម្ខាងទៀតមានកំហុស ឫ
មានមូលហេតុក្នុងការខូចខាត ឫការមិនបានសងវត្ថុដែលជាកមវត្ថុនោះភាគីដែលមានសិទ្ធិរំលាយ នាករណីយកិច្ចក្នុងការសងជាប្រាក់នូវតម្លៃនៃវត្ថុនោះ ដូចបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះឡើយ ។
៩.អាជ្ញាយុកាលនៃការរំលត់សិទ្ធិរំលាយកិច្ចសន្យា
(មាត្រា ៤១៣)
អាជ្ញាយុកាលនៃការរំលត់សិទ្ធិរំលាយកិច្ចសន្យាដោយមូលហេតុនៃការមិន
អនុវត្តកាតព្វកិច្ច និងសិទ្ធិទាមទារបដិទាន មានអំឡុងពេល ៥ (ប្រាំ) ឆ្នាំ ក្រោយពីពេលដែលមិនបានអនុវត្ដកាតព្វកិច្ច ។
៩.១.សិទ្ធិរំលាយដែលបានកំណត់ក្នុងកិច្ចសន្យា និង ការរំលាយដោយការព្រមព្រៀងគ្នា
(មាត្រា ៤១៤)
១-គូភាគីនៃកិច្ចសន្យាអាចសន្យាឲ្យភាគីម្ខាង
ឫសងខាងមានសិទ្ធិរំលាយ នៅក្នុងកិច្ចសន្យានោះបាន
បញ្ញត្ដិពីមាត្រា ៤០៩ (វិធីអនុវត្ដសិទ្ធិរំលាយកិច្ចសន្យា) ដល់មាត្រា៤១២ (សិទ្ធិរំលាយក្នុងករណីដែលកមវត្ថុនៃកិច្ចសន្យាត្រូវបានខូចខាត ឫ បាត់បង់) នៃក្រមនេះ ស្ដីពីការរំលាយដែលច្បាប់បានកំណត់ត្រូវយកមកអនុវត្ដដូចគ្នាផងដែរ
ចំពោះវិធីអនុវត្ដ និងអានុភាពនៃសិទ្ធិរំលាយ ដែលបានកំណត់ដោយកិច្ចសន្យាលើកលែងតែមានការព្រមព្រៀងគ្នាផ្សេង ។
២-ទោះបីជានាការកំណត់សិទ្ធិរំលាយក្នុងកិច្ចសន្យាក៏ដោយ ក៏គូភាគីអាចរំលាយកិច្ចសន្យាដោយការព្រមព្រៀងគ្នាបានដែរ។ ប៉ុន្ដែការរំលាយនោះមិនអាចធ្វើឲ្យខូចផលប្រយោជនរបស់តតិយជនបានទេ។
សេចក្ដីសន្និដ្ឋាន
កិច្ចសន្យា
គឺជាកិរិយារបស់បុគ្គលពីរនាក់ ឬច្រើននាក់មានឆន្ទៈត្រូវគ្នា ព្រមគ្នាបង្កើត
កែប្រែ ឬរំលត់កាតព្វកិច្ច។ កិច្ចសន្យាទិញលក់ គឺជាកិច្ចសន្យាមួយ ដែលភាគីម្ខាង ហៅថា “អ្នកលក់” មានករណីយកិច្ចត្រូវផ្ទេរកម្មសិទ្ធិលើវត្ថុណាមួយ
ទៅឲ្យភាគីម្ខាងទៀត ហៅថា “អ្នកទិញ” ហើយអ្នកទិញនេះ មានករណីយកិច្ចទូទាត់លុយ
ជាថ្លៃវត្ថុនោះ ទៅឲ្យអ្នកលក់។ យើងឃើញថា កិច្ចសន្យាទិញលក់ គឺជាកិច្ចសន្យា
ដែលយើងធ្វើញឹកញាប់ជាងគេ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ហើយកិច្ចសន្យាទិញលក់នេះចែកចេញជាពីរគឺ កិច្ចសន្យាទិញលក់ដោយផ្ទាល់មាត់
និង កិច្ចសន្យាទិញលក់ជាលាយលក្ខណ៍អក្សរ ។ ក្រៅពីក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
ការទិញលក់នេះក៏មានចែងនៅក្នុង មាត្រា ៦៥នៃច្បាប់ភូមិបាល
និងមាត្រា ៣៤ នៃក្រឹត្យច្បាប់ លេខ ៣៨ ផងដែរ។
ការព្រមព្រៀងរបស់គូភាគីនៅក្នុងកិច្ចសន្យា
កិច្ចសន្យាទិញលក់អាច ត្រូវបានបង្កើតឡើងដោយមានការព្រមព្រៀងគ្នារវាងភាគីទាំងសងខាងតែប៉ុណ្ណោះ
លើកលែងតែក្នុងករណីដែលមានបញ្ញត្តិពិសេសក្នុងច្បាប់។
កិច្ចព្រេមព្រៀងនេះអាចចែកចេញជាពីរប្រភេទគឺ ការព្រមព្រៀងដោយសេរី និងការព្រមព្រៀងដោយមានវិការៈ។
សមត្ថភាពអ្នកលក់
ចំពោះអ្នកលក់វិញ ក្នុងន័យនេះមានន័យថា
អ្នកលក់ត្រូវតែជាមនុស្សដែលមានសមត្ថភាព ពោលគឺត្រូវតែជានីតិជន ឬអនីតិជន
ដែលទទួលបានអត្តាធិនភាព ដោយតាមការកំនត់របស់ច្បាប់។
ករណីយកិច្ចរបស់អ្នកលក់
ចំពោះអ្នកលក់វិញ
កាតព្វកិច្ចសំខាន់ទីមួយរបស់គាត់ គឺត្រូវប្រគល់វត្ថុ ឬផ្ទេរសិទ្ធិលើទ្រព្យសម្បត្តិ
ដែលគាត់បានព្រមព្រៀងលក់ ទៅឲ្យអ្នកទិញ។
សមាសភាពចំពោះអ្នកទិញ
ចំពោះអ្នកទិញ មិនមែនមានន័យថាឲ្យតែ រូបវន្តបុគ្គល ឬនីតិបុគ្គល
សុទ្ធតែអាចក្លាយជាអ្នកទិញបានទាំងអស់នោះទេ មានបុគ្គលមួយចំនួន
ដែលច្បាប់បានធ្វើការហាមឃាត់
មិនឲ្យក្លាយជាអ្នកទិញហើយការដែលច្បាប់ធ្វើការហាមឃាត់នេះ គឺដើម្បីផលប្រយោជន៏របស់ភាគីអ្នកលក់់។
ករណីយកិច្ចរបស់អ្នកទិញ
ចំពោះអ្នកទិញ
កាតព្វកិច្ចមានតិចជាងអ្នកលក់ ហើយកាតព្វកិច្ចធំបំផុតរបស់អ្នកទិញ គឺបង់ថ្លៃទិញ
ទៅតាមកិច្ចសន្យា។ ការបង់ថ្លៃទិញនេះ គឺត្រូវធ្វើទៅតាមកាលបរិច្ឆេទ
និងទីកន្លែងដែលបានកំណត់ នៅក្នុងកិច្ចសន្យា។
ការរំលាយកិច្ចសន្យាដោយមូលហេតុមិនអនុវត្ដកាតព្វកិច្ច(មាត្រា ៤០៧)
ភាគីម្ខាងនៃកិច្ចសន្យាអញ្ញមញ្ញអាចរំលាយកិច្ចសន្យាបានភ្លាមៗ ក្នុងករណីដែលភាគីម្ខាងទៀតបំពាន
វិធីអនុវត្ដសិទ្ធិរំលាយកិច្ចសន្យា(មាត្រា ៤០៩)
ភាគីម្ខាងដែលមានសិទ្ធិរំលាយ អាចរំលាយកិច្ចសន្យា ដោយបង្ហាញឆន្ទៈរំលាយចំពោះភាគីម្ខាងទៀតបាន ។
ការបង្ហាញឆន្ទៈរំលាយនេះអាចធ្វើឡើងក្រៅតុលាការបានការបង្ហាញឆន្ទៈរំលាយនេះ មិនអាចដកវិញបានទេ ការបង្ហាញឆន្ទៈរំលាយនេះ អាចដាក់ល័ក្ខខ័ណ្ឌបង្អង់បាន។
អាជ្ញាយុកាលនៃការរំលត់សិទ្ធិរំលាយកិច្ចសន្យា(មាត្រា ៤១៣)
អាជ្ញាយុកាលនៃការរំលត់សិទ្ធិរំលាយកិច្ចសន្យាដោយមូលហេតុនៃការមិនអនុវត្ដកាតព្វកិច្ច និងសិទ្ធិទាមទារបដិទានមានអំឡុងពេល ៥(ប្រាំ) ឆ្នាំ ក្រោយពីពេលដែលមិនបានអនុវត្ដកាតព្វកិច្ច ។
សូមអរគុណ!!!
ឯកសារយោង
-
ក្រមរដ្ឋប្បវេណី
ឆ្នាំ១៩២០ មាតិកាទី៣ ជំពូកទី១ ផ្នែកទី១
-
សៀវភៅនីតិកិច្ចសន្យាពិសេសរបស់សាស្រ្ដាចារ្យ
យស់ បានរុង និងខាំ មករា នៃសកលវិទ្យាល័យបៀលប្រាយ
-
វចនានុក្រមសម្ដេចសង្ឃរាជ
ជួន ណាត
-
ច្បាប់ស្ដីពីភូមិបាល
ឆ្នាំ២០០១
-
ច្បាប់ស្ដីពីការអនុវត្តក្រមរដ្ឋប្បវេណី
ឆ្នាំ២០១១
[1] មាត្រា១
នៃក្រឹត្យច្បាប់លេខ ៣៨ ។
[2] មាត្រា៣
ក្រមរដ្ឋប្បវេណី ។
[3] មាត្រា៣៤៥
ក្រមរដ្ឋប្បវេណី ២០០៧|មាត្រា៧ នៃក្រឹត្យច្បាប់លេខ ៣៨
[4] មាត្រា៥
ក្រមរដ្ឋប្បវេណី ២០០៧
[5] មាត្រា
៣៥៧ នៃក្រមរដ្ឋប្បវេណី ២០០៧
[6] -ដ- មាត្រា ១៨ ។
[7]
តាមក្រឹត្យច្បាប់លេខ
៣៨ ស្ដីពីកិច្ចសន្យា និងការទទួលខុសត្រូវក្រៅកិច្ចសន្យា ១៩៨៨។
[8]
មាត្រា
៣៥៧ នៃក្រមរដ្ឋប្បវេណី ២០០៧ ។
[9] មាត្រា ៧៤១ នៃក្រមរដ្ឋប្បវេណី ។
[10]
មាត្រា
៣៥៨ នៃក្រមរដ្ឋប្បវេណី ។
[11]
មាត្រា
៥១៥ នៃក្រមរដ្ឋប្បវេណី ។
[12]
មាត្រា
៩ នៃច្បាប់ស្ដីការអនុវត្តក្រមរដ្ឋប្បវេណី ។
[13]
មាត្រា ៥១៨ នៃក្រមរដ្ឋប្បវេណី ។
[14]
មាត្រា ១៣៥ ក្រមរដ្ឋប្បវេណី ។
No comments:
Post a Comment